សារព័ត៌មាន NWCABLE បានផ្សព្វផ្សាយនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះឲ្យដឹងថា
អភិបាលក្រុងនៃប្រទេសហ្វីលីពីនម្នាក់ និងអង្គរក្សផ្ទាល់ចំនួន៩នាក់
ត្រូវបានសមត្ថកិច្ចប៉ូលិសប្រឆាំងគ្រឿងញៀនបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុតែម្តង
ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននាថ្ងៃសុក្រ ទី២៨ ខែតុលា
ឆ្នាំ២០១៦ នៅទីក្រុង Makilala ភាគខាងជើងខេត្ត Cotabato
ឋិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ដោយជាប់ពាក់ព័ន្ធនឹងការសង្ស័យថា
រត់ពន្ធគ្រឿងញៀនទ្រង់ទ្រាយធំ
និងទំនើងហ៊ានបាញ់តដៃជាមួយក្រុមសមត្ថកិច្ចកំពុងបំពេញបេសកកម្ម ។
លោក Samsudin Dimaukom អភិបាលក្រុង Datu Saudi Ampatuan
ឋិតនៅភាគខាងត្បូងប្រទេសហ្វីលីពីន ក្នុងខេត្ត Maguindanao
គឺជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោមមន្ត្រីចំនួនជាង១៥០នាក់ផ្សេងទៀតក្នុងតំបន់
ត្រូវបានរដ្ឋាភិបាលលោកប្រធានាធិបតី Rodrigo Duterte ស៊ើបអង្កេតរកឃើញថា
បានធ្វើសកម្មភាពរត់ពន្ធគ្រឿងញៀនយ៉ាងសកម្ម ក្នុងតំបន់ភាគខាងត្បូងនៃប្រទេស ។
មន្ត្រីអ្នកនាំពាក្យរបស់ស្នងការដ្ឋានប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា
នៅថ្ងៃកើតហេតុ សមត្ថកិច្ចប៉ូលិសបានបញ្ឈប់ក្បូនរថយន្តរបស់លោក Samsudin
Dimaukom និងរថយន្តកងអង្គរក្ស ដើម្បីធ្វើការត្រួតពិនិត្យ
ក្រោមការសង្ស័យក្នុងបទល្មើសលួចលាក់ទុកគ្រឿងញៀននៅក្នុងរថយន្ត ។
ប៉ុន្តែការត្រួតពិនិត្យនេះត្រូវបានកងកម្លាំងអង្គរក្សរបស់លោកអភិបាលក្រុងរូបនោះបាញ់តដៃជាមួយនឹងកម្លាំងប៉ូលិសប្រឆាំងគ្រឿងញៀនពេលកំពុងបំពេញបេសកកម្ម
ទើបត្រូវសមត្ថកិច្ចប៉ូលិសបាញ់កម្ទេច បណ្តាលឲ្យលោកអភិបាលក្រុង
និងអង្គរក្សចំនួន៩នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តងទៅ ។
ចាប់តាំងពីលោកមេធាវី Rodrigo Duterte
ឡើងកាន់តំណែងជាប្រធានាធិបតីប្រទេសហ្វីលីពីននាថ្ងៃទី៣០ ខែមិថុនា
ឆ្នាំ២០១៦មកទល់បច្ចុប្បន្ន គឺមានមនុស្សចំនួនជិត ៤
០០០នាក់ហើយត្រូវបានបាញ់សម្លាប់
និងមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតបានចេញមកសារភាពនៅចំពោះមុខរដ្ឋាភិបាល ។
ក្រោមកណ្តាប់ដៃដែកប្រយុទ្ធប្រឆាំងគ្រឿងញៀនដ៏ក្តៅគគុករបស់លោកប្រធានាធិបតីហ្វីលីពីន
Rodrigo Duterte នាពេលកន្លងមករហូតទល់បច្ចុប្បន្ន
បានប្រឈមនឹងការរិះគន់ពីមហាអំណាចសហរដ្ឋអាមេរិក អង្គការសហប្រជាជាតិ
អង្គការសិទ្ធិមនុស្សអន្តរជាតិ និងសហភាពអឺរ៉ុប
ព្រមទាំងការព្រមានពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC) ដោយចោទប្រកាន់ថា
បានសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ ប៉ុន្តែទោះយ៉ាងណា
លោកប្រធានាធិបតីហ្វីលីពីនរូបនេះមិនយកចិត្តទុកដាក់ទៅនឹងការរិះគន់ទាំងនោះឡើយ
ដ្បិតលោកប្រធានាធិបតីបានប្តេជ្ញាចិត្តរួចហើយថា
នឹងកម្ចាត់គ្រឿងញៀនដែលជាជំងឺរ៉ាំរ៉ៃដ៏គ្រោះថ្នាក់សម្រាប់សង្គមទាំងមូលឲ្យអស់ពីក្នុងប្រទេសក្នុងអាណត្តិរបស់លោកជាប្រធានាធិបតី
៕
EmoticonEmoticon