ឥណ្ឌា៖ ក្មេងប្រុសជនជាតិឥណ្ឌា អាយុ៦ម្នាក់ ត្រូវបានអ្នកស្រុកគោរពបូជា ចាត់ទុកថាជាព្រះមកចាប់ជាតិ ដោយសារតែគេកើតមកមានថ្ងាសរីកធំ ហើយមានភ្នែកតូច ដូចជាព្រះក្នុងសាសនាហិណ្ឌូ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដេលីម៉ែល កាលពីថ្ងៃទី៨ ខែវិច្ឆិកា ២០១៦។
ក្មេងប្រុសនេះមានឈ្មោះថា Pranshu អាយុ៦ឆ្នាំ រស់នៅក្នុងទីក្រុង Jalandhar រដ្ឋ Punjab ប្រទេសឥណ្ឌា។ គេកើតមកដោយមានកាយសម្បទានមិនប្រក្រតី មានជើងខ្លី ថ្ងាសរីកធំ ហើយភ្នែករបស់គេមានទំហំតូច។
អ្នកស្រុកបានគោរពបូជារូបគេ ចាត់ទុកថាជាព្រះគនេស របស់សាសនាហិណ្ឌូ ជាព្រះដែលមានក្បាលដំរី ខ្លួនមនុស្ស។ ទ្រង់ជាព្រះនៃសំណាងល្អ ដែលតែងតែផ្តល់នូវភាពរុងរឿង សំណាងល្អ និងភាពជោគជ័យ។
ក្មេងតូចនេះត្រូវបានអ្នកស្រុកជាច្រើនគោរព សូម្បីតែគ្រូបង្រៀនរបស់គេ ក៏លត់ជង្គង់គោរពរូបគេដែរ ហើយគេតែងតែជួបជាមួយនឹងហ្វូងមនុស្សជាច្រើននៅឯខាងក្រៅព្រះវិហារ ក្បែរភូមិរបស់គេ រៀងរាល់ថ្ងៃព្រហស្បតិ៍។
អ្នកស្រុកម្នាក់ឈ្មោះ Jaswinder បាននិយាយថា “គ្រប់គ្នាមកជួប ក្មេងប្រុស Pranshu នេះ ព្រោះពួកគេជឿថា គេជាព្រះមកចាប់ជាតិ ហើយឱនក្បាលគោរពគ្រប់គ្នា សូម្បីតែខ្ញុំក៏អីចឹងដែរ”។
សូម្បីតែឪពុករបស់ក្មេងប្រុសនេះ ក៏គោរពកូនដែរ ហើយថែមទាំងបាននិយាយថា រាងកាយរបស់កូនគាត់ពិតជាដូចអទិទេព គនេស ពិតមែន។ ឪពុកក្មេងតូចនិយាយថា គេប្រទានពរឲ្យមនុស្សគ្រប់គ្នា អ្នកស្រុកណាក៏ដោយឲ្យតែមកជួបគេ នឹងទទួលបានពរតាមក្តីបំណងពី Pranshu ។
ក្មេងប្រុស Pranshu បានទទួលយកតំណែងជាព្រះតំណាងឲ្យសាសនាមួយនេះ ហើយគេបាននិយាយថា "ខ្ញុំមានរូបរាងមើលទៅដូចជាព្រះគនេស ហើយមនុស្សគ្រប់គ្នាមិនទាំងស្គាល់ឈ្មោះពិតរបស់ខ្ញុំផង។ គ្រូបង្រៀនរបស់ខ្ញុំក៏គោរពខ្ញុំ ហើយមិត្តភក្តិរបស់ខ្ញុំក៏មិនមកលេងជាមួយខ្ញុំទាល់តែសោះ ព្រោះពួកគេជឿថា ខ្ញុំជាព្រះគនេស"។
រូបគេបន្តទៀតថា "ខ្ញុំសប្បាយចិត្តនៅពេលដែលមនុស្សគ្រប់គ្នាហៅខ្ញុំថា ព្រះគនេស វាធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយចិត្ត ហើយខ្ញុំក៏រីករាយជាមួយនឹងក្បាលធំ និងផ្ទៃមុខរបស់ខ្ញុំដែរ"៕
ប្រភព ៖ khmerload.com
EmoticonEmoticon