ថ្ងៃនេះសូមនាំប្រិយមិត្តមកចាប់អារម្មណ៍ និងចេះវិធីចៀននំប៉័ងជាមួយសាច់ជ្រូកចិញ្ច្រាំ សម្រាប់បងប្អូនមួយចំនួនពុំដែលបានដឹង និងចង់ចេះធ្វើមុខម្ហូបថ្មីៗ។ គ្រឿងផ្សំមុខម្ហូបនេះ ងាយស្រួលរកទិញ និងមិនមានអ្វីច្រើនសាំញ៉ាំទេ ត្រូវការចាំបាច់បំផុត នំប៉័ង និងសាច់ជ្រូក។
គ្រឿងផ្សំ៖
- នំប៉័ងជ្រុង ឬមូលក៏បានចំនួន ១០បន្ទះ
- សាច់ជ្រូកចិញ្ច្រាំម៉ត់ ៣០០ក្រាម ឬមួយកូនចានតូច
- ទឹកស៊ីអ៊ីវ ១ស្លាបព្រា
- ម្សៅមី ១ស្លាបព្រា
- ម្រេចម៉ត់កន្លះស្លាបព្រា
- ខ្ទឹមស ៥កំពឹស ចិញ្ច្រាំម៉ត់
- ជីវ៉ាន់ស៊ុយចិញ្ច្រាំ ៣ដើម
- ស្លឹកជីវ៉ាន់ស៊ុយ
- ស៊ុត ២គ្រាប់
- ប្រេងឆាសម្រាប់បំពង
- ស្ករស ៣ស្លាបព្រា
- ទឹកខ្មេះ ២ស្លាបព្រា
- អំបិលកន្លះស្លាបព្រា
- ទឹកកន្លះកូនចាន
- បន្លែសម្រាប់ធ្វើទឹកជ្រលក់៖ មើមខ្ទឹមក្រហម ត្រសក់ និងម្ទេស
វិធីធ្វើ៖
ហាន់បន្ទះនំប៉័ងជាចំណិតបួនជ្រុងទុកមួយឡែកសិន។ ចាក់គ្រឿងផ្សំមានខ្ទឹមសចិញ្ច្រាំ ជីវ៉ាន់ស៊ុយ ទឹកស៊ីអ៊ីវ ម្រេចច្របល់ចូលគ្នា រួចដាក់សាច់ជ្រូកចិញ្ច្រាំពីលើច្របាច់ឲ្យសព្វ ហើយរោយម្សៅមី និងច្របាច់ម្ដងទៀតឲ្យសព្វ។ បន្ទាប់មក យកសាច់ជ្រូកទាំងនោះទៅដាក់ពីលើចំណិតនំប៉័ងនីមួយៗ រួចប្រឡាក់នឹងស៊ុតក្រឡុក សឹមដាក់ចៀនក្នុងខ្ទះ រហូតអស់ជាការស្រេច។
ចៀនរួច យើងត្រូវធ្វើទឹកជ្រលក់ ដោយដាក់ទឹកក្នុងខ្ទះស្អាតថ្មីមួយ រួចចាក់ស្ករស អំបិល និងទឹកខ្មេះចូល ហើយកូរវាឲ្យស្កររលាយអស់ រួចចាក់ចូលកូនចានស្អាតមួយ។ រៀបចំកូនចានមួយទៀតដាក់ត្រសក់ ខ្ទឹមក្រហម ម្ទេស រួចចាក់ទឹកដាំបានខាងលើ ចូលជាការស្រេច៕
ប្រភព ៖ recipe.camlocation.com
EmoticonEmoticon