ម៉ិចស៊ីកូ៖ សត្វពស់ពិសមួយក្បាល បានបង្កឲ្យមានការភ័យស្លន់ស្លោពេញយន្តហោះដឹកអ្នកដំណើរមួយគ្រឿង ក្រោយពីវាបានធ្លាក់ពីធ្នើដាក់អីវ៉ាន់នៅខាងលើ កន្លែងអង្គុយរបស់អ្នកដំណើរ ខណៈពេលហោះហើរបានពាក់កណ្តាលផ្លូវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន មីរ័រ កាលពីថ្ងៃទី០៨ ខែវិច្ឆិកាម្សិលមិញ។
អ្នកដំណើរជាច្រើនដែលមានភាពភ័យខ្លាចនៅលើយន្តហោះនោះ គឺកំពុងធ្វើដំណើរទៅកាន់ទីក្រុងម៉ិកស៊ីកូ ហើយពួកគេក៏បានថតវីដេអូសត្វពស់វែក ពណ៌បៃតង ដែលមានប្រវែងជាង ១ម៉ែត្រកន្លះ នេះផងដែរ។
ប្រភពព័ត៌មានឲ្យដឹងថា នៅពេលនោះមានសាស្រ្តាចារ្យសាកលវិទ្យាល័យម្នាក់ នៅលើយន្តហោះនោះដែរ ហើយគាត់បានប្រាប់ពីរបៀបដែលគាត់ជួយចាប់សត្វពស់មួយក្បាលនោះ ដោយប្រើភួយយកមកចាប់វា និងប្រើទស្សនាវដ្ដីយកមកបន្លប់វាទៀតផង។
ហេតុការណ៍ដ៏តក់ស្លុតនេះ ត្រូវបានគេនិយាយថា វាបានកើតឡើងកាលពីរសៀលថ្ងៃអាទិត្យ ២ម៉ោងក្រោយពេលជើងហោះហើរ Aeromexico បានហោះហើរ ពីទីក្រុង Torreon ភាគខាងជើងរដ្ឋ Coahuila ទៅកាន់ទីក្រុងមួយទៀត នៅក្នុងប្រទេសម៉ិចស៊ីកូ។
ក្រោយមានហេតុការណ៍នេះកើតឡើង អ្នកបើកយន្តត្រូវបានគេរាយការណ៍ថា បានទទួលការអនុញ្ញាតឲ្យធ្វើការចុះចតជាបន្ទាន់ ដើម្បីក្រុមអ្នកជំនាញខាងសត្វធ្វើការត្រួតពិនិត្យ និងយកពស់មួយក្បាលនោះចេញពីលើយន្តហោះ។
ក្រោយកើតហេតុ មិនមានអ្នកដំណើរណាម្នាក់រងរបួសនោះទេ ហើយគេមិនដឹងទេថា តើសត្វពស់មួយក្បាលនោះអាចទៅនៅលើយន្តហោះនោះដោយរបៀបណា។ ទន្ទឹមនឹងនោះ ក៏មិនមានពាក្យណាមួយពីក្រុមហ៊ុនអាកាសចរណ៍នៅឡើយដែរ៕
ប្រភព ៖ khmerload.com
EmoticonEmoticon